នាមសប្បុរសជនបានឧបត្ថម្ភក្នុងការបោះពុម្ពសៀវភៅ "កម្រងប្រវត្តិវត្តវេឡុវ័ន (ឫស្សីស្រុក)"


០០-ពុទ្ធបរិស័ទចំណុះជើងវត្តវេឡុវ័ន (ឫស្សីស្រុក) ១០.០០០.០០០ ដុង ០១-ព្រះឧបជ្ឈាយ៍ សេន ប៊ុនសង (ធម្មជោតោ) ២០០ ដុល្លារ ០២-ព្រះឧបជ្ឈាយ៍ ឡឹម ពៅ (វិភទ្ទញ្ញាណ) ៤០០.០០០ ដុង ០៣-ព្រះភិក្ខុ ធួន ច័ន្ទថន (សន្តិរតោ) ២០០ ដុល្លារ ០៤-ព្រះភិក្ខុ ថាច់ ប្រីជា គឿន (សុធម្មប្បញ្ញោ) (USA) ១០០ ដុល្លារ ០៥-ព្រះភិក្ខុ សែម វាសនា (សង្ឃសុទ្ទរោ) ២០ ដុល្លារ ០៦-ព្រះភិក្ខុ ថាច់ ហ្វាង (សិក្ខាលង្ការោ) ១០០០ បាត ០៧-ព្រះភិក្ខុ ថាច់ ហួង ណារា (បធានបាលោ) ៥០០ បាត ០៨-ព្រះភិក្ខុ គឹម ហ្វា (វិនយប្បញ្ញោ) ៥០០ បាត ០៩-ព្រះភិក្ខុ គឹម សុវណ្ណ រឿន (រតនរក្ខិតោ) ៥០០ បាត ១០-ព្រះភិក្ខុ ហ្វិន សិន (អត្តបាលោ) ៥០០ បាត ១១-ព្រះភិក្ខុ គឹម រតនា (អភិជយោ) ៥០០ បាត ១២-ព្រះភិក្ខុ ថាច់ បាន (ធម្មសិរីសត្ថា) ៥០០ បាត ១៣-គ្រួសារ លោកតា ថូវ លោកយាយ តាម (ស្វាយពក) ៥០០​ បាត ១៤-ព្រះភិក្ខុ ថាច់ សម័យ (កុលាភិរក្ខិតោ) ៥០០បាត ១៥-ព្រះភិក្ខុ ថាច់ សុតី (ញាណសិទ្ធោ) ៥០០ បាត ៦0-ព្រះភិក្ខុ សឺន ចាំង (គម្ភីរប្បញ្ញោ) ៥០០ បាត ១៦-សាមណេរ ថាច់ ខឿន ៣០០ បាត ១៧-ព្រះភិក្ខុ ថាច់ ស្វន (រតនប្បិយោ) ៣០០ បាត ១៨-ព្រះភិក្ខុ ឡឹម ឋាន (មុនីបាលិតា) ៣០០ បាត ១៩-ព្រះភិក្ខុ ថាច់ ចន្ទ តារា (រាមបណ្ឌិតោ) ៣០០ បាត ២០-ព្រះភិក្ខុ ថាច់ សំណាង (អគ្គធម្មោ) ៣០០ បាត ២១-ព្រះភិក្ខុ ថាច់ សុផល (រតនជ្ជោត្តោ) ៣០០ បាត ២២-ព្រះភិក្ខុ ទីសីហា (ឥន្ទបញ្ញោ) ៣០០ បាត ២៣-ព្រះភិក្ខុ គឹម មករា (ធម្មរក្ខិតោ) ៣០០ បាត ២៤-ព្រះភិក្ខុ សឺន យ៉ុង (បញ្ញាសារោ) ៣០០ បាត ២៥-ព្រះភិក្ខុ ថាច់ ចន្ធី (ធម្មបណ្ឌិតោ) ៣០០ បាត ២៦-ព្រះភិក្ខុ ដាវ សំណៀង (កល្យាណធម្មោ) ៣០០ បាត ២៧-ព្រះភិក្ខុ គឹម មីនា (មុទុចិត្តោ) ២៥០ បាត ២៨-ព្រះភិក្ខុ ត្រឹង វ៉ាំង ដង (ភទ្ទវិរិយោ) ២៥០ បាត ២៩-ព្រះភិក្ខុ ទិត្យ សីហា (ឧត្តរបញ្ញោ) ២០០ បាត ៣០-ព្រះភិក្ខុ ថាច់ សុវត្ថិ (សន្តកាយោ) ២០០ បាត ៣១-ព្រះភិក្ខុ ថាច់ ចន្ទ ណារម្យ (និស្សយបាលិតោ) ២០០ បាត ៣២-ព្រះភិក្ខុ ថាច់ រស្មី (ជាគរោ) ២០០ បាត ៣៣-ព្រះភិក្ខុ ថាច់ ហឿង (ឋានធម្មោ) ២០០ បាត ៣៤-ព្រះភិក្ខុ ថាច់ ភឿង (សុជាតោ) ២០០ បាត ៣៥-ព្រះភិក្ខុ ថាច់ ហើង (បញ្ញាបវរោ) ២០០ បាត ៣៦-សាមណេរ ថាច់ កុងត្រិញ ២០០ បាត ៣៧-ព្រះភិក្ខុ ថាច់ សុភិន្ទ (ខេមវិរោ) ២០០ បាត ៣៨-ព្រះភិក្ខុ ថាច់ ឌីណេ (កុលានុរក្ខិតោ) ២០០ បាត ៣៩-ព្រះភិក្ខុ គឹម ឡីប (កិត្តិធរោ) ២០០ បាត ៤០-ព្រះភិក្ខុ ថាច់ យឿន (យន្តទត្តោ) ២០០ បាត ៤១-ព្រះភិក្ខុ ថាច់ វិញអាង (សុចិត្តធម្មត្ថេរោ) ១០០ បាត ៤២-ព្រះភិក្ខុ ថាច់ ឆេង (ឆន្ទវុឌ្ឍោ) ១០០ បាត ៤៣-ព្រះភិក្ខុ ថាច់ សុភី (វិរយធម្មោ) ១០០ បាត ៤៤-ព្រះភិក្ខុ ថាច់ ខឿន (ធិរញ្ញាណោ) ១០០ បាត ៤៥-ព្រះភិក្ខុ ចៅ វ៉ាទ (បញ្ញាវិសាទោ) ១០០ បាត ៤៦-ព្រះភិក្ខុ ថាច់ ហ្មៀន (ឥន្ទបញ្ញោ) ១០០ បាត ៤៧-ព្រះភិក្ខុ ថាច់ យ៉ុង (កតធម្មោ) ១០០ បាត ៤៨-ព្រះភិក្ខុ ថាច់ តឺ (សច្ចមុនី) ១០០ បាត ៤៩-ព្រះភិក្ខុ ថាច់ ប៊ុនល័យ (បញ្ញាទីបោ) ១០០ បាត ៥០-ព្រះភិក្ខុ ត្រឹង តឹងយ៉ុង (ធម្មរត្តោ) ១០០ បាត ៤១-ព្រះភិក្ខុ គឹម តាយ (ឥន្ទបញ្ញោ) ១០០ បាត ៥២-ព្រះភិក្ខុ គឹម សាភា (តិក្ខបណ្ឌិតោ) ១០០ បាត ៥៣-ព្រះភិក្ខុ ថាច់ អុក (អនុភទ្ទោ) ៤០ បាត ៥៤-ព្រះភិក្ខុ សុខុម ១០០ បាត ៥៥-ព្រះភិក្ខុ ថាច់ ទេព (ជោត្តិន្ធនោ) ១០០ បាត ៥៦-ថាច់ តៀង (កម្ពុជា) ៥ ដុល្លារ ៥៧-អ្នកស្រី ងិន វណ្ណា (កម្ពុជា) ២០ ដុល្លារ ៥៨-Mrs. Puk Ciantar (Singapore) 1000 Baths ៥៩-ថាច់ សុផានី ៤០.០០០ ដុង

Thursday, February 28, 2013

ដើមកំណើត​នៃ​ស្លា, ម្លូ, កំបោរ និង​អំពី​គ្រឿងផ្សំ​សម្រាប់​ស៊ីស្លា

៙ ដើមកំណើត​នៃ​ស្លា, ម្លូ, កំបោរ ៖
ស្លា ម្លូ កំបោរ និង​ថ្នាំ
   មាន​រឿង​មួយ​តំណាល​ថា កាលពី​យូរ​ណាស់​មក​ហើយ មាន​បងប្អូន​ប្រុស​ពីរ​នាក់​នៅ​រួមសុខ​រួម​ទុក្ខ​ជាមួយ​គ្នា ព។ដែល​មាន​ឃ្នើសឃ្នង​អ្វី​ឡើយ។ ពេល​មួយ គេ​បាន​ទទួល​ដំណឹង​ថា មាន​គ្រូអាចារ្យ​ម្នាក់ ដែល​នៅ​នគរ​ក្បែរ​នោះ ចេះ​វិទ្យាសាស្ត្រ​ផ្សេងៗ។ បុរស​ទាំងពីរ​ក៏​នាំគ្នា​ចេញ​ពី​ទីលំនៅ ស្វែងរក​សិក្សា​សព្វ​សិល្បសាស្ត្រ​ទាំងនោះ ត្បិត​ឪពុកម្ដាយ​បាន​ទទួល​មរណភាព​ជា​យូរ​ណាស់​មក​ហើយ។ បុរស​​បង​មាន​អាយុ 19 ឆ្នាំ ចំណែក​ប្អូន​អាយុ 16 ឆ្នាំ។ លុះ​បាន​ទៅ​ដល់​សម្នាក់​នៃ​គ្រូអាចារ្យ​នោះ​ហើយ បុរស​កំព្រា​ទាំងពីរ​នាក់​នាំគ្នា​ឱនលំទោន​សុំ​ស្នាក់អាស្រ័យ​នៅ ដើម្បី​បាន​រៀន​សូត្រ​តទៅ។ កាលបើ​បាន​សង្កេត​ឃើញ​ឫកពា​សុភាពរាបសារ​នៃ​បុរស​ទាំងពីរ​នាក់​នេះ​ហើយ គ្រូអាចារ្យ​ក៏​ព្រម​ទទួល​ចិញ្ចឹម​ថែរក្សា ព្រមទាំង​ជួយ​បង្រៀន​វិជ្ជា​សព្វសារពើ​ទៀត​ផង។

   ក្នុង​រយៈកាល​ពីរ​ឆ្នាំ​ក្រោយមក គ្រូ​ពិនិត្យ​មើល​កិរិយាមារយាទ​កុមារ​ទាំងពីរ​ទៅ​ឃើញ​ថា ប្រសើរ​ណាស់។ គាត់​ក៏​សុខចិត្ត​លើក​កូនក្រមុំ​របស់​គាត់​ឈ្មោះ​នាង "មណី" ដែល​ទើបតែ​មាន​អាយុ 15 ឆ្នាំ ប្រកបដោយ​រូបឆោមលោមពណ៌​ល្អ គួរឲ្យ​អ្នក​ផង​ចាប់ចិត្ត រៀប​ផ្សំ​ឲ្យ​ជាមួយ​ចៅ "សុដា" ជា​បុរស​បង​ដែល​ជា​ក្មេងកំព្រា បាន​ត្រាច់​ពី​ស្រុក​ឆ្ងាយ មក​នៅ​ជ្រកកោន​រៀន​សូត្រ​ជាមួយ​គាត់។

   ចាប់តាំង​ពី​ថ្ងៃ​ដែល​សុដា​បាន​ប្រពន្ធ​មក គេ​ចេះ​តែ​ពុំ​សូវ​រីករាយ​ចំពោះ​ប្អូន​សោះ ព្រោះ​គេ​ចេះតែ​មាន​បំណង​លោភ​បុណ្យស័ក្ដិ​ធំ។ គេ​គិត​ថា ថ្ងៃណាមួយ គេ​នឹង​បាន​សម្រេច​ផល​វិជ្ជា​របស់​គេ និង​បាន​ជា​មន្ត្រី​កិត្តិយស​មួយ​រូប រួច​ហើយ​គេ​នឹង​បាន​ជាទី​គាប់​ព្រះទ័យ​នៃ​ព្រះរាជា ជាមិនខាន។ រាល់ៗ​ថ្ងៃ​នៅ​ពេល​ណា​ផុត​រវល់​ពី​ការងារ​ហើយ គេ​តែង​ដើរ​ទៅ​ជិត​ប្រពន្ធ ហើយ​និយាយ​គ្នា ដោយ​ប្រើ​ពាក្យ​ទន់ភ្លន់ និង​ដោយ​ក្ដី​រីករាយ។

   រីឯ​ចៅ​សុដ្ឋា​ជា​ប្អូន ពុំសូវ​បាន​សប្បាយ​ក្នុង​ចិត្ត​ទេ ព្រោះ​ឃើញ​កិរិយា​របស់​បង​ពុំសូវ​រាក់ទាក់​នឹង​ខ្លួន​សោះ។ គេ​ចេះតែ​នឹង​ឆ្ងល់​ក្នុង​ចិត្ត។ មួយទៀត​ព្រួយបារម្ភ​នឹង​មុខរបរ មិន​ដឹង​បាន​ការ​អ្វី​ធ្វើ​ផង។ គេ​ព្រួយ​នោះ​ហៅ​មហា​ព្រួយ។ ងាក​ទៅ​បង ក៏​គេ​មិន​និយាយ​ស្ដី​រក គឺ​ធ្វើឫក​ជា​សោះអង្គើយ​តោះតើយ​លែង​រាក់ទាក់​ជាមួយ​ខ្លួន ដូច​ពីមុន​ឡើយ ងាក​ទៅ​រក​មុខរបរ​ក៏​គ្មាន តើ​អាត្មា​គេ​ត្រូវ​ងាក​ទៅ​ខាងណា បើ​ចង្អៀតចិត្ត​ខ្លាំង​ម្ល៉េះ!។

   ព្រឹក​មួយ សុដ្ឋា​រៀបចំ​អីវ៉ែអីវ៉ាន់ ហើយ​ដើរចេញ​ពី​ផ្ទះ​នេះ ដោយ​ឥត​ឲ្យ​អ្នកណា​ដឹង​ឡើង។ គេ​បាន​ត្រាច់​ទៅ​ដល់​មាត់​ស្ទឹង​មួយ ហើយ​អង្គុយ​យំ​យ៉ាង​កម្សត់​នៅ​ក្រោម​ជ្រៃ​ធំ​មួយ​ដើម មាន​មែក​ត្រសុំត្រសាយ​សាខា ដោយ​នឹក​អស់​សង្ឃឹម មិន​ដឹង​ជា​ទៅ​ពឹង​ពាក់​អ្នកណា។
   ពេល​យប់​ក៏​មក​ដល់។ សុដ្ឋា​ក៏​ស្រស់ស្រូប​អាហារ​បន្តិចបន្តួច ហើយ​ទម្រេត​លក់​នៅ​ក្រោម​ដើម​ជ្រៃ​នោះ​ទៅ។ ក្នុង​ពេល​ដែល​សុដ្ឋា​លក់​មួយ​ភាំង​ទៅ ស្រាប់តែ​គេ​ឃើញ​មនុស្ស​ម្នាក់​យ៉ាង​ធំ​សម្បើម ឈរ​ច្រងាង​យ៉ាង​សង្ហា ដៃ​ម្ខាង​កាន់​ដំបង​យ៉ាង​ធំ​មួយ ហើយ​ស្រែក​មក​រក​កុមារ​ថា :

-”នែ៎! អាឯង​មក​ពីណា បានជា​ចូល​មក​កន្លែង​អញ ដោយ​គ្មាន​អុជ​ទៀន ធូប បូជា​ចំពោះ​អញ​សោះ? ព្រោះ​នរណា​ក៏ដោយ ឲ្យតែ​មក​ដល់​ទី​នេះ​គេ​ត្រូវ​តែ​គោរព​បូជា​អញ!”។
   សុដ្ឋា​ភ័យ​ញាប់ញ័រ​ក្នុង​ខ្លួន​ពន់ពេក​ណាស់ ហើយ​ក៏​និយាយ​អង្វរ​លន់តួ​តទៅ​លោក​ថា :
- “ឱ! លោកតា ជា​ទី​គោរព​អើយ! សូម​លោក​មេត្តា​អត់ទោស​ឲ្យ​ខ្ញុំ​ផង​ចុះ ព្រោះ​ខ្ញុំ​កើតទុក្ខ​លំបាក​ខ្លាំង​ណាស់។ ប្រសិនជា​លោកម្ចាស់​ជ្រាប​រឿង​ខ្ញុំ​ផង​នុះ លោក​មុខជា​នឹង​ជួយ​អាណិត​ខ្ញុំ ជា​មិនខាន"។
   អ្នកតា​នោះ​ឆ្លើយតប​មកវិញ​ថា :
-”ទេ! អញ​មិន​ត្រូវការ​អាណិត​ឯង​ទេ អញ​ដឹង​តែ​ពី​អ្នកណា​មក​ចូល​កន្លែង​អញ ហើយ​មិន​បន់ស្រន់​បូជា​អញ អញ​ត្រូវ​បំផ្លាញ​អ្នក​នោះ​ឯង ដោយ​គ្មាន​ត្រាប្រណី​ឡើយ!”។
   ពោល​ដូច្នេះ​ហើយ អ្នកតា​កំណាច​ក៏​លើក​ដំបង​ចង្អុល​ទៅ​សុដ្ឋា ទាំង​មាត់​សែក​មន្ត​គាថា​ផង។ មិន​យូរ​ប៉ុន្មាន កំលោះ​សុដ្ឋា​ក៏​ក្លាយ​ខ្លួន​ទៅជា​ថ្ម​មួយ​ដុំ​ស​ស្អាត ស្ថិត​នៅត្រង់​ទី​ដែល​ឈរ​នោះ​ឯង ឯ​អ្នកតា​ចង្រៃ​ក៏​អន្តរធាន​បាត់​ក្នុង​ពេលនោះ​ដែរ។

   និយាយ​ពី​នាយ​សុដា ជា​បង កាលដែល​បាន​ដឹង​ថា ប្អូន​ក៏​រត់​ចេញពី​ផ្ទះ​ទៅ​បាត់​ហើយ ក៏​នឹក​ដល់​ប្អូន​ពន់ពេក នឹក​ដល់​គ្រា​កម្សត់​កម្រ​ជាមួយ​គ្នា តាំងពី​ឪពុកម្ដាយ​ស្លាប់​ចោល រហូត​ដល់​ខ្លួន​មក​បាន​ប្រពន្ធ​នេះ។ លុះ​គិត​សព្វគ្រប់​ទៅ​នាយ​សុដា​ក៏​លា​ប្រពន្ធ និង​ឪពុកក្មេក ដើម្បី​ធ្វើដំណើរ​ទៅ​តាម​រក​ប្អូន។ គាត់​ខំ​ដើរ​រក​ប្អូន​គ្រប់​ច្រកល្ហក​នៃ​ព្រៃភ្នំ ក្រំ​ថ្ម និង​តាម​ភូមិឋាន​នានា តែ​រក​មិន​ឃើញ​សោះ ទោះបី​សួរ​គេឯង ក៏​មិន​លេខ​ឮ​ដំណឹង។ លុះ​ដើរៗ​ទៅ​ក៏​បាន​ទៅ​ដល់​មាត់​ស្ទឹង ដែល​មាន​ដើម​ជ្រៃ សាខា​ត្រឈឹងត្រឈៃ​ដុះ​ប្រប​នោះ។ ដោយ​ការ​អស់កម្លាំង សុដា​ក៏​សម្រាក​នៅ​ក្រោម​ដើម​ជ្រៃ អង្គុយ​ផ្អែក​នឹង​ដុំ​ថ្ម​រលោង​មួយ​ដុំ​នៅ​ក្បែរ​នោះ។ លុះ​ដេក​លក់​មួយ​ស្រឡេត ស្រាប់តែ​ឃើញ​មនុស្ស​យ៉ាង​ធំ ម្នាក់​លេច​ខ្លួន​ចេញ​មក គឺ​រូប​អ្នកតា​ដដែល​នោះ និយាយ​សម្លុត​ថា :
-”នែ! អា​កំហូច​ឯង​មក​ពីណា ក៏​បាន​ជា​ហ៊ាន​ចូល​មក​នៅ​ទី​នេះ​ដោយ​គ្មាន​និយាយ​គួរសម​នឹង​អញ​សោះ​អ៊ីចឹង?”។
   ឮ​ដូច្នោះ សុដា​ញ័រ​អស់​ខ្លួនប្រាណ ហើយ​អង្វរ​លន់តួ​ថា :
-”សូម​លោកតា​មេត្តា​ខ្ញុំ​ផង ខ្ញុំ​បាន​ជា​ជ្រុល​ចូល​មក​ទីនេះ​ហើយ​ខ្ញុំ​សូម​ស្នាក់នៅ​ទីនេះ​មួយ​យប់​សិន ​ចុះ ព្រោះ​ខ្ញុំ​ធ្វើដំណើរ​មកពី​ស្រុក​ឆ្ងាយ ដើម្បី​ស្វែង​រក​ប្អូន តែ​រក​មិន​ឃើញ​សោះ។ បើ​លោកម្ចាស់​បាន​ប្រទះ​នឹង​ប្អូន​ខ្ញុំ សូម​ទាន​មេត្តា​ប្រាប់​ផងៗ។
   អ្នកតា​កំណាច​បើក​ភ្នែក​ធំៗ ហើយ​ស្រែក​គំរាម​មក​ទៀត​ថា :
-”ទេ! អញ​គ្មាន​ឃើញ​ប្អូន​អាណា​ទេ! អញ​ត្រូវ​ផ្ដន្ទាទោស​ឯង​ក្នុង​ពេលនេះ។ អើ! បើ​អាឯង​ចង់​ជួប​ប្អូន​អាឯង អញ​ឲ្យ​ជួប​បាន គឺ​ដុំ​ថ្ម​ដែល​អាឯង​ឈរ​ផ្អែក​នេះ​ហើយ ជា​ប្អូន​អាឯង"។
   ថា​តែប៉ុណ្ណោះ អ្នកតា​កំណាច​ក៏​លើក​ដំបង​ចង្អុល​មុខ​នាយ​សុដា​ព្រមទាំង​សែក​មន្ត​អាគមគាថា ផ្លុំ​ជា​ខ្យល់​យ៉ាង​ខ្លាំង។ មួយ​រំពេច​នោះ​រូប​សុដា​ក៏​ប្រែក្លាយ​ជា​ដើម​រុក្ខជាតិ​មួយ​ដើម ដុះ​ត្រង់​ប្រប​ដុំ​ថ្ម​នោះ។ ឯ​រូប​អ្នកតា ក៏​អន្តរធាន​បាត់​ក្នុង​ពេលនោះ​ដែរ។ (រុក្ខជាតិ​នោះ លុះ​ក្រោម​មក គេ​ក៏​ហៅថា​ជា​ដើម​ស្លា)។

   ចំណែក​ឯ​នាង​មណី​ជា​ភរិយា ក្រោយ​ដែល​បាត់​ប្ដី​យូរ​មិន​ឃើញ​ត្រឡប់មកវិញ ក៏​ដាច់​ចិត្ត​លា​ឪពុក​ទៅ​តាម​ប្ដី ដោយ​ហេតុតែ​នាង​នឹក​រឭក​ប្ដី​ខ្លាំង​ពេក​ទ្រាំ​នៅ​ពុំ​សុខ។ នាង​ដាច់​ចិត្ត​ហ៊ាន​ដើរ​កាត់​ព្រៃ កាត់​វាល​តែ​ម្នាក់ឯង មាន​តែ​សត្វ​សាហាវ​យង់ឃ្នង​ជាគ្នា​ប៉ុណ្ណោះ។ នាង​ដើរៗ​ទៅ ក៏​បាន​ទៅ​ដល់​មាត់​ស្ទឹង​មាន​ដើម​ជ្រៃ​ធំ ដែល​ជា​លំនៅឋាន​នៃ​អ្នកតា​កំណាច​ដដែល​នោះ។ នាង​​ឃើញ​ដើម​ជ្រៃ​ធំ​ដ៏​មាន មែក​សាខា ហើយ​នៅ​ក្បែរ​ដើម​ជ្រៃ នាង​ឃើញ​ដុំ​ថ្ម​មួយ​ដុំ ស រលោង និង​ដើម​ស្លា មួយ​ដើម មែកធាង​មាន​ផ្លែ​ធ្លាក់​សំយាក​នៅ​ក្បែរ​ដុំ​ថ្ម​នោះ។ លុះ​ដេក​លក់​មួយ​សន្ទុះ​ទៅ អ្នកតា​កំណាច​ដដែល​បាន​សម្លុត​នាង​ដោយ​ពាក្យ​ផ្សេងៗ ដូច​កាល​វា​សម្លុត​សុដ្ឋា និង​សុដា​ដែរ។ ទោះបី​នាង​ខំ​អង្វរករ​យ៉ាងណា ក៏​អ្នកតា​ចង្រៃ​មិនព្រម ចេះ​តែ​ស្រែក​ខ្លាំង​ឡើង​ថា :
-”អញ​ត្រូវ​តែ​បំផ្លាញ​ជីវិត​នាង​ឯង​ក្នុង​ពេល​នេះ"។
   នាង​មិនព្រម​ឈប់​អង្វរ​ទេ នាង​នៅ​តែ​ទទូច​ថា :
-”សូម​លោកតា​កុំ​អាល​បំផ្លាញ​ជីវិត​នាង​ខ្ញុំ​អី។ បើ​មុន​នឹង​ខ្ញុំ​ស្លាប់ សូម​ឲ្យ​ខ្ញុំ​បាន​ជួប​នឹង​ប្អូនថ្លៃ ព្រមទាំង​ប្ដី​ខ្ញុំ​សិន"។
   អ្នកតា​កំណាច​ក៏​សើចចំអក​យ៉ាង​ខ្លាំងៗ ឯ​នាង​មណី​ក៏​ភ័យ​ញ័រ​រន្ធត់​កាន់​តែ​ខ្លាំង​ឡើងៗ​ដែរ។ ឃើញ​ដូច្នោះ អ្នកតា​ក៏​ចូល​មក​ជិត ហើយ​ស្រែ​ខ្ទរ​ដី ជា​សម្រែក​ថា :
-”បើ​នាង​ឯង​ចង់​ជួប​នឹង​ប្អូន​ថ្លៃ ព្រមទាំង​ប្ដី​នាង​ឯង មិន​អី​ទេ អញ​ឲ្យ​ជួប​បាន ហើយ​នាង​ឯង​ធ្លាប់តែ​នែបនិត្យ​នឹង​ប្ដី​យ៉ាងណា អញ​នឹង​ឲ្យ​នែបនិត្យ​យ៉ាង​នោះ​ទៀត។ ប្ដី​នាង គឺ​ដើម​ស្លា​ដែល​នាង​អង្គុយ​ផ្អែក​នេះ​ហើយ ឯ​ដុំ​ថ្ម​ស​ស្អាត​មួយ​ដុំ​នោះ​ឯង គឺ​ជា​ប្អូនថ្លៃ​នាង។ ឥឡូវ នាង​ឯង​ទៅ​នៅ​ជាមួយ​ចុះ!”។
   ថា​តែ​ប៉ុណ្ណេះ អ្នកតា​លើក​ដំបង​ចង្អុល ដូច​មុនៗ​ទៀត។ រូប​នាង​មណី​ក៏​ក្លាយ​ទៅ​ជា​វល្លិ​រុក្ខជាតិ​មួយ​រំពេច ដែល​ក្រោយមក គេ​ហៅថា​ដើម​ម្លូ។ អ្នកតា ក៏​អន្តរធាន​បាត់​ក្នុង​ពេលនោះ​ទៅ។

   ក្នុង​កាល​ជា​ចំណេរតមក មាន​ព្រះរាជា​មួយ​អង្គ បាន​កែន​រេហ៍ពល​ទៅ​ប្រពាត​ព្រៃ។ ព្រះអង្គ​បាន​យាង​ទៅ​ប្រទះ​នឹង​ដើម​ជ្រៃ ព្រមទាំង​ដុំ​ថ្ម​ស​ស្អាត​និង​ដើម​ស្លា ម្លូ ដុះ​ប្រពាក់ប្រព័ន្ធ​គ្នា ដែល​ជាហេតុ​នាំ​ឲ្យ​ព្រះអង្គ​នឹក​ប្លែក​ក្នុង​ព្រះទ័យ​ពន់ពេក។ ទ្រង់​ក៏​ត្រាស់​សួរ​រក​អ្នកណា ដែល​ដឹង​រឿងរ៉ាវ​វត្ថុ​ទាំង​បី​នេះ។

   មាន​អ្នកស្រុក​ជិតខាង​ទីនោះ​ដឹង​រឿងរ៉ាវ ពីព្រោះ​គេ​បាន​ឃើញ​ហេតុ​ការណ៍​ច្បាស់ បាន​មក​ក្រាបទូល​ព្រះរាជា​តាម​ដំណើរ​សព្វគ្រប់។ ព្រះអង្គ​ក៏​ទ្រង់​ចាត់​ឲ្យ​សេវកាមាត្យ​យក​ស្រា​មក ហើយ​បេះ​ផ្លែ​ស្លា និង​ស្លឹក​ម្លូ​ទៅ​ដាក់​លើ​ដុំ​ថ្ម​នោះ រួច​ចាក់​ស្រោច​លើ​វត្ថុ​ទាំង​បី។ ក្នុង​គ្រានោះ វត្ថុ​ទាំង​បី​មុខ​ក៏​រលាយ​ជា​ទឹក មាន​ពណ៌​ក្រហម​ដូច​ឈាម ដែល​ហូរ​ធ្លាក់​ចុះ​មក​លើ​ផ្ទៃ​ព្រះធរណី។
   លុះ​ព្រះរាជា​ទ្រង់​ទត​ឃើញ​ឧប្បត្តិហេតុ​នេះ​ហើយ ព្រះអង្គ​ក៏​ទ្រង់​ឈ្វេង​យល់ថា "អ្នក​ទាំង​បី ពី​ជាតិមុន​ស្រឡាញ់​គ្នា​ណាស់ បាន​ជា​ជាតិ​នេះ​នៅ​តែ​រួម​ធាតុ រួមរស់​ជាមួយ​គ្នា​ទៀត​យ៉ាង​នេះ"។

   ដោយ​ហេតុ​តែ​ព្រះអង្គ​ចង់​ទុក​អនុស្សាវរីយ៍​យ៉ាង​ចម្លែក​នេះ ឲ្យ​ស្ថិតស្ថេរ​បាន​យូរ​អង្វែង​តទៅ ព្រះអង្គ​ក៏​ទ្រង់​បញ្ញត្តិ​ច្បាប់​ឲ្យ​ពួក​អ្នក​ស្រុក​យក​វត្ថុ​ទាំង​បី​ មុខ​គឺ ម្លូ, ស្លា និង​កំបោរ សម្រាប់​ធ្វើជា​ជ័យ​មង្គល​នានា មាន​ពិធី​រៀប​បង្កក់​កូនខ្ចី ដែល​ទើបនឹង​កើត, ពិធី​រៀប​អាពាហ៍ពិពាហ៍, ពិធី​ចូលម្លប់ ចេញ​ពី​ម្លប់, ពិធី​កោរជុក, ពិធី​សែនព្រេន, និង​ពិធី​លៀងអារក្ស ជាដើម។

៙ ប្រយោជន៍​នៃ​ម្លូ ៖

   ស្លឹក​ម្លូ និង​ផ្លែ​ស្លា មាន​ជ័រ មាន​ជាតិ​វីតាមីន​សេ (vitamin C) កំបោរ​មាន​ជាតិ​កាល់ស្យូម (calcium) ដែល​បាន​មក​ពី​ការ​ដុត​ថ្ម ដុត​សម្បក​លៀស សម្បកខ្យង សម្បក​គ្រុំ ឲ្យ​ឆេះ​សុស ទៅជា​ផេះ​អស់។ ហេតុនេះ ម្លូ, ស្លា, និង​កំបោរ គឺ​ជា​ថ្នាំ​ស័ក្ដិសិទ្ធិ​ម៉្យាង សម្រាប់​ធ្វើ​ជា​ចំណី​បំបាត់​ក្លិន​មាត់ ធ្វើ​ធ្មេញ​ឲ្យ​ឡើង​ពណ៌​ខ្មៅ​ឲ្យ​រឹង និង​ធ្វើ​ឲ្យ​បបូរមាត់​ឡើង​ពណ៌​ក្រហម​ស្រស់។

   ម្លូ​ស្លា​ជា​វត្ថុ​មាន​តម្លៃ​ណាស់ ក្នុង​ការ​ទទួល​ភ្ញៀវ។ គឺជា​និមិត្តរូប​នៃ​ចំណង​មេត្រីភាព​រវាង​មនុស្ស​ផង​គ្នា។ ក្នុង​ពេល​បច្ចុប្បន្ន ទោះបី​ប្រជាជន​ភាគច្រើន​មិន​និយម​ស៊ី​ម្លូ​ស្លា​ក៏ដោយ ប៉ុន្តែ វត្ថុ​ទាំង​បី​នេះ​នៅ​តែ​មាន​អាទិភាព​ខ្លាំងក្លា​ដដែល នៅ​ក្នុង​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង គឺ​វា​តែង​មាន​វត្តមាន​នៅ​ក្នុង​ពិធី​ជា​មង្គល​ផ្សេងៗ​របស់​ខ្មែរ ស្ទើរ​តែ​គ្រប់​ទាំងអស់។

   នៅ​ក្នុង​ពិធី​រៀប​មង្គលការ ស្លា ម្លូ និង​កំបោរ ជា​វត្ថុ​ចាំបាច់​បំផុត មិន​ខុស​ពី​ទៀន​ធូប​ឡើយ។ គេ​តម្រូវ​ស្លា​ឲ្យ​គ្រប់​មួយ​ពាន់​ផ្លែ ឬ​ក្រោយ​មក គេ​បង្រួញ​ឲ្យ​នៅ​ត្រឹម​មួយ​ពាន់​ចំណិត ដែល​គេ​ហៅថា "ស្លា​ពាន់ ម្លូ​ពាន់"។ នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​និរន្តរភាព​នៃ​ទំនៀមទម្លាប់​ខ្មែរ ​លើ​ការ​ប្រើ​ម្លូ​ស្លា។

   គ្រូ​ខ្មែរ​ជាច្រើន​តែងតែ​បៀក​ម្លូ ស្លា ទំពា ដើម្បី​ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ​ខ្លះ​ដោយ​ស្ដោះ​ព្រួស​ស្លា ម្លូ កំបោរ ដែល​គាត់​ទំពា​ម៉ដ្ឋ​ចូល​គ្នា​នៅ​ក្នុង​មាត់ ទៅ​លើ​ដំបៅ​ខ្លះ មាន​រើមខ្សាច់, រើមដំរី, ពិស​ភ្លើង ជាដើម។ ជួនកាល ក៏​មាន​ការ​ស្ដោះ​ព្រួស​ដូចគ្នា​នេះ ដើម្បី​បណ្ដេញ​ជំងឺ ឬ​បន្សាប​ពិស​ផង​ដែរ។
   ដូច្នេះ នៅ​ក្នុង​សង្គម​ខ្មែរ​យើង ស្លា, ម្លូ និង​កំបោរ ជា​វត្ថុ​ចាំបាច់​ជាទីបំផុត​នី​ក្នុង​ពិធី​តូច​ធំ​នានា រហូត​ដល់​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ ទៀត​ផង។

៙ អំពី​គ្រឿង​ផ្សំ សម្រាប់​ស៊ី​ស្លា*

(*ពាក្យ​ថា "ស៊ី​ស្លា" នេះ​មិន​មែន​បាន​ន័យ​ថា គេ​ស៊ី​តែ​ស្លា​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ផ្សែផ្សំ​ជាមួយ​នឹង​វត្ថុ​ច្រើន​មុខ​ទៀត សំខាន់​គឺ ម្លូ និង​កំបោរ។ គេ​និយាយ​ថា "ស៊ី​ស្លា" ក៏​បាន​ដូច​គ្នា)

   ដោយ​ផ្អែក​លើ​អត្ថបទ​សិលាចារឹក​ជាច្រើន តាំងពី​មុន​សម័យ​អង្គរ គេ​អាច​សន្និដ្ឋាន​បាន​ថា ខ្មែរ​យើង​ចេះ​ទទួល​ទាន​ស្លា​តាំងពី​សម័យ​បុរេប្រវត្តិ​សាស្ត្រ​មក​ម្ល៉េះ។ ព្រះមហាក្សត្រ វរជន ដែល​មាន​សទ្ធា​ជ្រះថ្លា​ចំពោះ​អាទិទេព ក្នុង​ព្រហ្មញ្ញសាសនា បាន​ទ្រង់​ធ្វើ​ព្រះរាជ​អំណោយ និង​ធ្វើ​អំណោយ​ចំពោះ​ប្រាសាទ​នានា ដែល​ជា​បូជនីយដ្ឋាន​ដ៏​ពិសិដ្ឋ នូវ​ចម្ការ​ដូង ចម្ការ​ស្លា ស្រែ​ព្រៃ បឹងបួ គោ ក្របី ខ្ញុំ​បម្រើ។ល។ កាលណា​គេ​ប្រទះ​ឃើញ​ចម្ការ​ស្លា នៅ​តាម​ប្រាសាទ តាម​ភូមិឋាន​ខ្មែរ* (*ជាទូទៅ​គេ​សង្កេត​ឃើញ​មាន​ដំណាំ​ដូង ស្លា ដុះ​ហ៊ុមព័ទ្ធ​ជិតជុំ​ភូមិ​ខ្មែរ បង្កើត​បាន​ជា​ទេសភាព​ដ៏​ពិសេស​មួយ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ គេ​តែង​កត់សម្គាល់​ថា ទីណា​ដែល​គេ​ឃើញ​ចុង​ដូង ចុង​ស្លា ទីនោះ​គឺជា​ភូមិ​ខ្មែរ) នុះ គេ​ត្រូវតែ​យល់ថា ដំណាំ​ស្លា​នេះ​ផ្ដល់​អត្ថប្រយោជន៍​ដ៏​សំខាន់ សម្រាប់​យក​មក​ផ្សំ​ជាមួយ​នឹង​វត្ថុ​ផ្សេងៗ ខ្លះ​ទៀត ដើម្បី​បង្កើត​បាន​ជា​គ្រឿង​ស៊ី​ស្លា។ មិនមែន​មាន​តែ​ជនជាតិ​ខ្មែរ​យើង​ប៉ុណ្ណោះ​ទេ​ដែល​និយម​ស៊ី​ស្លា​នុះ ក៏​ប៉ុន្តែ​នៅ​មាន​ជាតិសាសន៍​ផ្សេងៗ​ដទៃ​ទៀត នៅ​តំបន់​អាស៊ី​នេះ ក៏​និយម​ទំនៀមទម្លាប់​នេះ​ដែរ មាន​ជាអាទិ៍ ឥណ្ឌា យួន ឡាវ សៀម ឥណ្ឌូណេស៊ី ភូមា ម៉ាឡាយូ។ល។ ក៏​និយម​ការ​ស៊ី​ស្លា ដូច​ខ្មែរ​យើង​ដែរ។

   ដូច្នេះ ប្រពៃណី​ស៊ី​ស្លា​នេះ​មាន​ជាប់​ជា​ទម្លាប់ តាំងពី​យូរលង់​ណាស់​មក​ហើយ ជាមួយ​នឹង​ប្រជាជាតិ​ជាច្រើន។ គេ​សង្កេត​ឃើញ​ថា មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ចំណង់ចំណូលចិត្ត និង​ទម្លាប់​ស៊ី​ស្លា​បាន​ថយ​ចុះ​យ៉ាង​ច្រើន ស្ទើរ​តែ​ចង់​អស់​ពី​សង្គម​ខ្មែរ​ទៅ​ហើយ។ គេ​ឃើញ​មាន​តែ​មនុស្ស​ចាស់ៗ ប៉ុណ្ណោះ​ដែល​នៅ​កាន់​ទម្លាប់​ស៊ី​ស្លា។

   ដើម្បី​ឲ្យ​ក្មេងៗ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ ទៀត​បាន​ដឹង​អំពី​ទម្លាប់​និង​របៀប ព្រមទាំង​ការ​ផ្សែផ្សំ​គ្រឿង​ផ្សេងៗ សម្រាប់​ស៊ី​ស្លា អត្ថបទ​នេះ​ក៏​បាន​ចងក្រង​ឡើង ដើម្បី​ទុកជា​ឯកសារ​ស្រាវជ្រាវ និង​ក្នុង​គោលបំណង​ថែរក្សា​ទំនៀមទម្លាប់​នេះ​កុំ​ឲ្យ​បាត់បង់។

តើ​គេ​ស៊ី​ស្លា ដើម្បី​អ្វី?

   តាម​ការ​កត់សម្គាល់ ការ​ស៊ី​ស្លា​មាន​សារៈសំខាន់ និង​មាន​ការ​ចាំបាច់​ជា​ច្រើន។ ហេតុនេះ​ហើយ ទើប​បាន​ជា​ខ្មែរ​យើង​មិន​អាច​បោះបង់​ចោល​ស្លា​ម្លូ​បាន​ទាំងស្រុង​នុះ​ទេ។ វត្ថុ​ទាំងនេះ គេ​នៅ​តែ​ត្រូវការ ថ្វីបើ​គេ​មិន​ស៊ី​ក៏​ដោយ។
   ពាក្យ​ថា "ស៊ី​ស្លា" ឬ "ស៊ី​ម្លូ" ដែល​ខ្មែរ​យើង​តែង​និយាយ​ជាប់​ជា​ទម្លាប់​មក​នេះ មិនមែន​មាន​ន័យ​កំណត់​ត្រឹមតែ​ការ​ប្រើ​ពាក្យ​ប៉ុណ្ណោះ​ទេ។ ថ្វីបើ​គេ​ប្រើ​តែ​ពាក្យ​ប៉ុណ្ណោះ​ក្ដី គេ​ចង់​ឲ្យ​ន័យ​របស់​វា​គ្រប់គ្រាន់ ទៅ​តាម​ភាព​ជាក់ស្ដែង។ ជាមួយ​នឹង​ពាក្យ ស៊ី​ស្លាស៊ី​ម្លូ គេ​ក៏​ចង់​និយាយ​ពី​វត្ថុ​នានា​ទៀត ដែល​គេ​ត្រូវ​ផ្សំ​ជាមួយ​នឹង ស្លា ម្លូ នោះ​ផង​ដែរ។ មុននឹង​បាន "ស្លា" មួយ​ម៉ាត់​ស៊ី​នុះ គេ​ត្រូវ​យក​វត្ថុ​មួយ​ចំនួន​ទៀត​មក​ផ្សែផ្សំ​ជាមួយ​ផង។ ថ្វីបើ​យើង​មាន​ទម្លាប់​ប្រើ​ពាក្យ​ស៊ី​ស្លា ស៊ី​ម្លូ​នេះ ដូចជា​គេ​ថា ស៊ី​បាយ ស៊ី​ចំណី​ផ្សេងៗ ក៏ដោយ ប៉ុន្តែ គេ​មិនមែន​ស៊ី​ស្លា​ម្លូ ដោយ​លេប​ចូល​ទៅ​ក្នុង​ពោះ​នុះ​ទេ។ គេ​គ្រាន់តែ​ទំពា​ឲ្យ​ម៉ដ្ឋ រួច​ស្ដោះ​ទឹក​មាត់​ស្លា ដែល​មាន​ពណ៌​ក្រហម​ដូច​ឈាម​នុះ​ចេញ រហូត​ដល់​ស្លា​នោះ​សាប ទើប​គែ​ខ្ជាក់​វា​ចោល។

1-របៀប​ផ្សំ​គ្រឿង​ស៊ី​ស្លា

   ដំបូង យក​ម្លូ​ពី​ក្នុង​ប្រអប់​មក​លាត ប្រើ​មេដៃ​ដាក់​ពី​លើ​ស្លឹក​ម្លូ ម្រាម​ចង្អុល​ដាក់​ពីក្រោម រួច​ក្បេត ជូត​ឲ្យ​ជ្រះ​ផង់​ធូលី ក្ដិច​ចុង​កន្ទុយ​ស្លឹក* (*ដោយ​ជឿ​តាម​រឿង​ព្រេង​បុរាណ​ថា មាន​ពស់វែក​មួយ​ខ្ជាប់​ពិស​ដាក់​ត្រង់​កន្ទុយ​ស្លឹក​ម្លូ ហេតុ​នេះ​គេ​ត្រូវ​ក្ដិច​ផ្នែក​នោះ​ចោល ដើម្បី​ចៀសវាង​ការ​ពុល ដោយសារ​ជាតិ​ពិសេស​នោះ) ចោល​រួច​ទើប​ហែកច្រៀក* (*ព្រោះ​មាន​ទម្លាប់ គោរព​តាម​ពាក្យ​ចាស់​ពោល​ទុក​មក​ថា “ស្លា​ម្លូ​ស៊ី​ឲ្យ​ច្រៀក កុំបី​បៀក​ទាំងមូល​មិញ តូច​ធំ​ត្រូវ​ច្រៀក​ចេញ តាម​ពាក្យ​ចាស់​ថា​អភ័ព្វ​“) ស្លឹក​ម្លូ តាម​បណ្ដោយ​សន្លឹក មួយ​ភាគ​ចេញ (ប្រហែល 1/3) តែ​មិន​ត្រូវ​បោះ​ចម្រៀក​នោះ​ចោល​ទេ។ យក​ចម្រៀក​តូច នោះ​មក​ផ្ទាប់​ពី​លើ​ចម្រៀក​ធំ បន្ទាប់​មក យក​អកកំបោរ* (*អកកំបោរ​ច្រើន​ធ្វើ​ពី​ស្ពាន់ ឬ​សំរឹទ្ធ រាង​មូល ប៉ុន​មួយ​ក្ដាប់​ជុំ គម្រប​រាង​ដូច​សាជី ចុង​លើ​លម្អ​ដោយ​រាង​មូល​ត្លុំ ប៉ុន​ចង្កឹះ) មក​បើក​គម្រប​រួច​កៀប​គម្រប​ក្នុង​ម្រាមដៃ​ឆ្វេង ដែល​កំពុង​កាន់​ម្លូ។ យក​ចង្កឹះ ដែល​មាន​នៅ​ក្នុង​អកកំបោរ​ស្រាប់ ឆ្កៀល​យក​កំបោរ​មក​បៀក បី-បួន​ដង លើ​ស្លឹក​ម្លូ ឲ្យ​សម​ល្មម មិន​ឲ្យ​តិច​ពេក ឬ​ច្រើន​ពេល។ ដាក់​ចង្កឹះ​ទៅ​ក្នុង​អកកំបោរ រួច​គ្រប​ទៅ​វិញ។ យក​ស្លា​ចំណិត ឬ​ស្លា​ខ្ចី​មក​ឆាក ដោយ​ប្រើ​ប្រណាក ឲ្យ​បែក​ទៅជា​បំណែក​​តូចៗ ដាក់​លើ​ម្លូ​ទើប​បៀក​រួច។ ស្លា​ចំណិត​ជា​ស្លា​ក្រៀម ឬ​ស្លា​ខ្ចី គេ​ចង់​ដាក់​មួយ​ណា​ក៏​បាន។ ប៉ុន្តែ​ជាទូទៅ គេ​ច្រើន​ចូលចិត្ត​ស្លា​ខ្ចី​ជាង។

គ្រឿងផ្សំ​បន្ថែម :
  • - យក​ស្លាជ្វា* (*ស្លាជ្វា បាន​មក​ពី​ការ​រម្ងាស់​ទឹក​ជ្រៃក្រឹម​ឲ្យ​ឡើង​ខាប់ រួច​យក​កន្ទក់​ម៉ដ្ឋ​មក​ចាប់​លាយ កូរ​ឲ្យ​សព្វ ទុក​ឲ្យ​កក​ឡើង​រឹង ទើប​កាត់​ជា​ដុំៗ រាង​ជា​គូប។ សព្វថ្ងៃ​នេះ ដោយសារ​គ្មាន​ស្លាជ្វា​គេ​ច្រើន​តែ​ប្រើ សម្បក​សំព័រ សម្បក​ពពេល សម្បក​ពើត ជា​ជំនួយ​វិញ) ពី​ក្នុង​ឡត​ប្រអប់​មក​នេះ​នឹង​ក្រចក​មេដៃ ទំហំ​ប៉ុន​ចុង​ចង្កឹះ ដាក់​ពី​លើ​ស្លឹក​ម្លូ លាយ​ជាមួយ​ចំណិត​ស្លា,
  • - យក​មើម​ប្រោះ* (*គេ​ដាក់​មើម​ប្រោះ​លាយ ដើម្បី​ឲ្យ​ក្រអូប​មាត់ នៅ​ពេល​ស៊ី​ស្លា) នៅ​ខ្ចី​ល្មម មក​កាត់​ប៉ុន​ចុង​កូនដៃ រួច​ដាក់​ចូល​ជាមួយ​នឹង​គ្រឿងផ្សំ​មុនៗ,
  • - វេច​បត់​ស្លឹក​ម្លូ​ពី​ខាងស្ដាំ ពី​ខាងឆ្វេង ពី​ខាងចុង ពី​ខាងដើម ឲ្យ​បាន​ទៅជា​កញ្ចប់​តូច​មួយ ប្រហែល​ទ្រើស​ជាង​មេដៃ​បន្តិច។
   បើ​អ្នក​ស៊ី​ស្លា​នៅ​មាន​ធ្មេញ គេ​ចុក​កញ្ចប់​ម្លូ​វេច​រួច​ជាស្រេច​នេះ នៅ​ក្នុង​មាត់ ទំពា​ឲ្យ​ម៉ដ្ឋ​សព្វ​តែម្ដង។ ប៉ុន្តែ បើ​អ្នក​ស៊ី​ស្លា​គ្មាន​ធ្មេញ​ទេ គេ​ត្រូវ​បុក​ស្លា​នេះ​សិន។ ឯ​ប្រដាប់ប្រដា​បុក​ស្លា​នោះ​មាន ត្បាល់បុក (ល្បុក) ដែល​ធ្វើ​អំពី​ស្ពាន់​ក្រាស់​បន្តិច រាង​ជា​បំពង់​ប៉ុន​មេជើង រួម​ក្រោម​បន្តិច កម្ពស់​ប្រហែល មួយ​តឹក​កន្លះ (15cm) មាន​ស្នូល​ឈើ​នៅ​ខាង​ក្នុង សម្រាប់​ទប់​នឹង​អង្រែ​បុក ដែល​មាន​រាង​មូល​ដូច​ចង្កឹះ តែ​សំប៉ែត​ចុង មាន​បន្តុប​ឈើ​មួយ​ដំ​រាង​មូល​នៅ​ពី​លើ ដើម្បី​កុំ​ឲ្យ​ឈឺ​ដៃ នៅ​ពេល​បុក។ គេ​បុក​ជ្រុំៗ ទាល់តែ​ម៉ដ្ឋ ទើប​គេ​លើក​ត្បាល់​បុក​ផ្កាប់​ដាក់​ក្នុង​បាតដៃ រួច​យក​អង្រែ​ទៅ​បុកៗ ត្រង់​ស្នូល ពី​ខាង​បាត ឲ្យ​រង្គោះ រួច​រុញ​ស្លា​ចេញ​មក ទើប​គេ​យក​ទៅ​ដាក់​ក្នុង​មាត់។ តាម​ធម្មតា អ្នក​ស៊ី​ស្លា​ច្រើន​តែ​ដាក់​មាត់​ត្បាល់​បុក​តម្រង់​ចំ​មាត់​គាត់ ដើម្បី​ចាំ​ត្រង​យក​ស្លា​តែម្ដង ទើប​គាត់​យក​អង្រែ​បុក​ទៅ​បុកៗ ស្នូល​ជា​ញយដង រហូត​ដល់​រង្គោះ​ស្នូល រុញ​ស្លា​ចូល​ទៅ​ក្នុង​មាត់។ ក្នុង​ពេល​ទំពា​ស្លា ទឹកមាត់​តែង​ចេញ​មក​លាយ​ជាមួយ​ស្លា។ គេ​ត្រូវ​ស្ដោះ​ទឹកមាត់​នេះ​ចេញ មិន​ត្រូវ​លេប​ទេ។ ទឹកមាត់​ស្លា​ពណ៌​ក្រហម​ដូច​ឈាម។
   ស្លា​ដែល​គេ​ផ្សំ​ច្រើន​គ្រឿង​នេះ គេ​ហៅថា​ស្លាថ្មាត់។

   ការ​ស៊ី​ស្លាថ្មាត់ តែ​ប៉ុណ្ណេះ នៅ​មិន​ទាន់​គ្រប់​ទេ។ ជាទូទៅ អ្នក​ស៊ី​ស្លា​ត្រូវ​ការ​ជា​ចាំបាច់​នូវ​វត្ថុ​មួយ​មុខ​ទៀត ដែល​គេ​ប្រើ​ដោយ​ឡែក គឺ​ថ្នាំ ដែល​គេ​ដាក់​នៅ​ក្នុង​ឡត​មួយ​ទៀត។ គេ​ចាប់​បោច​យក​ថ្នាំ​បន្តិច គឺ​ថ្នាំ ដែល​គែ​ដាក់​នៅ​ក្នុង​ឡត​មួយ​ទៀត។ គេ​ចាប់​បោច​យក​ថ្នាំ​បន្តិច រួច​ឆ្មូល​នឹង​ម្រាមដៃ​ឲ្យ​ឡើង​មូល ញី​ទៅ​លើ​ធ្មេញ​ទាំង​លើ ទាំង​ក្រោម ទៅ​ឆ្វេង ទៅ​ស្ដាំ ឲ្យ​សព្វ​ទាំងអស់ រួច​ទើប​សៀត​បញ្ចុក​ថ្នាំ​នោះ​ទុក​នៅ​ចន្លោះ​បបូរមាត់​លើ​ក៏​បាន ក្រោម​ក៏​បាន កៀន​ខាងឆ្វេង​ក៏​បាន កៀន​ខាងស្ដាំ​ក៏​បាន តាម​តែ​គេ​ពេញចិត្ត ហើយ​យូរៗម្ដង គេ​ធ្វើ​តែ​របៀប​នេះ​ឡើងវិញ។ ការ​ចុកថ្នាំ​ធ្វើ​ឲ្យ​បបូរមាត់​បះ​ឡើង​ង​ស្ទើញ​មិន​រាបស្មើ​ដូច​ធម្មតា​ទេ។ ជួនកាល គេ​នៅ​តែ​បន្ត​ចុក​ថ្នាំ​ដដែល ទោះបី​គេ​បាន​ខ្ជាក់​ស្លា​ចោល​ហើយ​ក៏ដោយ។

   មាន​មនុស្ស​ខ្លះ​ទម្លាប់​ចុកថ្នាំ តែ​មិន​មាន​ស៊ី​ស្លា​ទេ។ គេ​ចុក​ទល់​ទុក​នៅ​លើ​ជើងធ្មេញ​លើ​យ៉ាង​នេះ រហូត​ទាល់តែ​សាប​អស់ ទើប​គេ​បោះចោល មាន​មនុស្ស​ចាស់​ខ្លះ ដោយ​រវល់​នឹង​ការងារ​ផ្សេងៗ​ពេក មិន​បាន​ចុកថ្នាំ​ទុក​នៅ​ក្រោម​បបូរមាត់​ទេ។ គាត់​ខ្ជាក់​យក​មក​សៀត​ទុក​នៅ​នឹង​ត្រចៀក លុះ​ចប់​ការងារ​មមាញឹក​របស់​គាត់​ហើយ ទើប​គាត់​យក​មក​ចុក ទល់* (*រមូល​ថ្នាំ​ដែល​គេ​លញ់​ឲ្យ​មូល ទុក​សម្រាប់​ចុក​នេះ ហៅថា​ទ្រនល់​ថ្នាំ, បញ្ចុក​ថ្នាំ, ថ្នាំ​មួយ កញ្ចុក។ នៅ​ពេលណា​ដែល​ស្រុក​កើត​កលិយុគ ចាស់​បូរាណ​បាន​និយាយ​លេង​ថា "ក្រមុំ​ប្រាំ ដូរ​ថ្នាំ មួយ​ចុក" ឬ​ថា "ប្រយ័ត្ន​អញ​ចោល​នឹង​ទ្រនល់​ថ្នាំ ឲ្យ​បែក​ក្បាល!”) សាជាថ្មី​ទៀត។ បើ​ចាស់ៗ ត្អូញ​ថា "ជូរមាត់​ណាស់" បាន​សេចក្ដី​ថា គាត់​ត្រូវ​ការ​ហូប​ស្លា​ហើយ។

2-ស្លា​ថ្មាត់

   ស្លាថ្មាត់ គឺ​ម្លូ​ដែល​គេ​បៀក​ថ្មាត់​ហើយ ពោល​គឺ​មាន​ដាក់​គ្រឿងផ្សំ​គ្រប់មុខ​រួច​ជាស្រេច (មើល​ខាងលើ​នេះ)។
   កាលពី​សម័យ​ដើម ខ្មែរយើង ទាំង​ប្រុស​ទាំង​ស្រី និយម​ស្លាថ្មាត់​នេះ​ណាស់។ បើ​មាន​ស្រីក្រមុំ​ណា​ម្នាក់ គេ​ស្ម័គ្រចិត្ត​ស្រឡាញ់​ប្រុស​ណា​ម្នាក់ ទុកជា​គូ​អនាគត​នុះ នាង​តែ​ជូន​ស្លាថ្មាត់​ទៅ​បុរស​សំណព្វចិត្ត​នោះ ទុកជា​កិច្ច​បញ្ចាំ​ចិត្ត ឬ​ទុកជា​សក្ខីកម្ម​នៃ​ទឹកចិត្ត​ស្នេហា។ បន្ទាប់​ពី​ស្រី​ក្រមុំ​នោះ​ហុច​ស្លា​ថ្មាត់​ឲ្យ​កូនកំលោះ​រួចហើយ អ្នក​កំលោះ​នោះ​ក៏​យក​ស្លាថ្មាត់​មក​ដាក់​ក្នុង​មាត់ ហើយ​ទំពា​ភ្លាម។ កាយវិការ​នេះ​ជា​ការ​បញ្ជាក់​ពី​ទឹកចិត្ត​ស្ម័គ្រស្មោះ​របស់​ខ្លួន​ចំពោះ នារី​ជា​គូស្នេហ៍។ ត្រង់​នេះ ខ្មែរយើង​មាន​ចម្រៀង​ឆ្លើយឆ្លង​គ្នា​ពី​បុរាណ​មួយ​បទ ថា :
ប្រុស : បង​សុំ​ស្លា​ស្រី ស្រី​ថា​ស្លា​គ្មាន បង​ចាប់​ដៃ​បាន ស្លា​ពេញ​ទាំង​ថ្នក់។
ស្រី : អូន​ឆ្លើយ​ថា​គ្មាន បង​ថា​កុហក ស្លា​ពេញ​ទាំង​ថ្នក់ បញ្ញើ​គេ​ទេ។
ប្រុស : ត្រង់​ស្លា​ត្រង់​ម្លូ អូន​ថា​បញ្ញើ ត្រង់​ខ្លួន​ស្រី​តើ បញ្ញើ​អ្នកណា។
ស្រី : ត្រង់​ស្លា​ត្រង់​ម្លូ អូន​ជូន​បង​បាន ចំណែក​ខ្លួនប្រាណ មិន​បាន​ទេ​បង។

- បទ​ចម្រៀង​មួយ​ទៀត​មាន​ខ្លឹមសារ​យ៉ាង​នេះ​ថា :
បើ​អូន​ចោល​ចាប ចោល​នឹង​ដំបង បើ​ចោល​នួនល្អង ចោល​នឹង​ស្លាថ្មាត់។
ចោល​នឹង​ស្លា​មូល ខ្ទាត​ចូល​ព្រៃ​បាត់ ចោល​នឹង​ស្លាថ្មាត់ ធ្លាក់​ដល់​ដៃ​បង។
   គេ​ច្រើន​តែ​យក​អំបោះ​ក្រហម​មក​ចង​ស្លាថ្មាត់ ដើម្បី​បង្ការ​កុំ​ឲ្យ​វា​រលា​របូត​ចេញ នាំ​ឲ្យ​បាត់​គ្រឿងផ្សំ​នៅ​ខាង​ក្នុង។ កាលណា​គេ​ចង​ស្លា​នឹង​អំបោះ​បែបនេះ គេ​ហៅថា​ស្លា​ចង ឬ​ស្លាជីប ម្លូជីប។ ស្លាជីប ម្លូជីប ឬ​ស្លា​ចង​នេះ ច្រើនតែ​ជា​គូ​គ្នា​នឹង​បារី​ចង។ ដើម្បី​នឹង​ធ្វើ​បារី​ចង គេ​ត្រូវ​យក​សរសៃ​ថ្នាំ​មក​មូរ​បញ្ចូល​ទៅ​ក្នុង​ស្លឹក​សង្កែ​ឲ្យ​រីក​ខាង​ មុខ ហើយ​រៀវ​ស្រួច​ខាងក្រោយ ដែល​ធ្វើ​ឲ្យ​ងាយស្រួល​ក្នុង​ការ​បៀម បឺត​យក​ផ្សែង។ កាលណា​មូរ​បារី​ស្លឹក​សង្កែ​បាន​ហើយ គេ​ច្រើន​តែ​យក​អំបោះ​ក្រហម​មក​ចង​រុំ ដើម្បី​បង្ការ​កុំឲ្យ​ស្លឹក​សង្កែ​រលា នាំ​ឲ្យ​របូត​ជ្រុះ​សរសៃ​ថ្នាំ​ចេញ​អស់​ពី​ស្លឹក​សង្កែ។

   ជួនកាល​មាន​ក្រមុំៗ ខ្លះ​ចង់​ធ្វើ​ឲ្យ​បារី​ចង​របស់​ខ្លួន​មាន​គុណភាព​កាន់តែ​វិសេស​ថែមទៀត។ ដើម្បី​ឲ្យ​បាន​សម្រេច​បំណង​នោះ នាង​យក​ស្លឹក​ពោធិ៍​ក្រអូប​ដែល​នាង​បាន​ហាល​ឲ្យ​ស្ងួត​រួច​ហើយ​នុះ មក​ប្រើ​សម្រាប់​មូរ​សរសៃ​ថ្នាំ​ចូល ជា​ជំនួយ​ស្លឹក​សង្កែ។ ធ្វើ​ដូច្នេះ កាលណា​អ្នក​កំលោះ​ជា​គូ​ស្នេហ៍​ជក់​បារី​នោះ​ទៅ ក្លិន​ក្រអូប​នៃ​ស្លឹក​ពោធិ៍​នឹង​ជះ​ភាយ ទៅ​ប៉ះ​ច្រមុះ​អ្នកជិតខាង នាំ​ឲ្យ​គេ​កើត​អារម្មណ៍​រីករាយ។ ស្រីក្រមុំ​ដែល​មាន​ចិត្ត​ស្ម័គ្រ​មេត្រី ទៅ​លើ​កំលោះ​ណា​ច្រើន​ជូន​ទាំង​ស្លា​ចង ទាំង​បារី​ចង ចំពោះ​កំលោះ​ជា​គូស្នេហ៍​នោះ។

3-របៀប​ធ្វើ​ស្លាកាត់ ឬ​ស្លាក្រក

   គេ​ត្រូវ​ជ្រើសរើស​ស្លា​ចាស់​ល្មម គឺ​មិន​ខ្ចី​ពេក មិន​ចាស់​ពេក យក​ទៅ​ស្ងោរ​ក្នុង​ថ្លាង​ឲ្យ​ឆ្អិន​ត្រឹមត្រូវ រួច​ទើប​ស្រង់​វា​មក​ទុក​ឲ្យ​ត្រជាក់ ហើយ​ពុះ​យក​គ្រាប់​ស្លា​ចេញ​ពី​សម្បក។ ត្រូវ​ហាន់​ផ្លែ​ស្លា​ជា​ចំណិត​ស្ដើងៗ រួច​យក​វា​ទៅ​រាយ​នៅ​លើ​ចង្អេរ​ធំៗ ឬ​លើ​កន្ទេល រហូត​ទាល់តែ​បាន​ស្ងួត​ល្អ ទើប​សា​យក​មក​ច្រក​ទុក​ក្នុង​បាវ ឬ​ក្នុង​ការុង។ មាន​អ្នក​ខ្លះ​ទៀត ដោយ​ចង់​ចំណេញ​ពេល និង​ចង់​ចំណេញ​ឧស ក៏​ពុះ​ផ្លែ​ស្លា​ខ្ចី យក​គ្រាប់​វា​មក​ហាន់​ជា​ចំណិតៗ រួច​យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត។ អ្នក​ស៊ី​ស្លា គេ​ពេញចិត្ត​ស្លា​ស្ងោរ​ជាង​ស្លា​ឆៅ។ នៅ​ពេល​ផ្សំគ្រឿង​ស៊ី​ស្លា ដើម្បី​ធ្វើ​ឲ្យ​ស្លា​កាត់​ទន់​ស្រួល​ទំពា គេ​ត្រូវ​យ​វា​ទៅ​ត្រាំទឹក​ក្នុង​ពែង ឬ​ក្នុង​ត្រឡោក​ឲ្យ​បាន​មួយ​ម៉ោង សឹម​យក​មក​ប្រើ​ផ្សំ សម្រាប់​ស៊ី​ម្លូ។
   ស្លាកាត់​មាន​ដាក់​លក់​នៅ​គ្រប់​ទីផ្សារ​ធំ​តូច នៅ​ទូទាំង​ប្រទេស។

   ស្លា​ស្រស់​ខ្ចី និង​ស្លាក្រក បង្កើត​បាន​ជា​មុខ​ជំនួញ​មួយ យ៉ាង​សំខាន់​ណាស់​ដែរ នៅ​ទីផ្សារ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជិតខាង។
   សម្គាល់ : ក្នុង​ករណី​នេះ ដែល​គេ​ពុំ​មាន​ពេល ឬ​ដោយ​ផ្លែ​ស្លា​ទុំ​ជ្រុល​ហួស​ទៅ គេ​បក​សម្បក​វា​ចេញ ដោយ​ទុក​គ្រាប់​វា​ឲ្យ​នៅ​ទាំងមូល។ គេ​យក​សម្បក​វា​ទៅ​ដាក់​ក្នុង​ស្រែ​ធ្វើជា​ជី។ គ្រាប់​វា គេ​យក​ទៅ​ហាល​ទាំងមូល​រហូត​ដល់​ស្ងួត ទើប​គេ​យក​មក​ច្រក​ក្នុង​ស្បោង ឬ​ក្នុង​ការុង ទុក​សម្រាប់​ប្រើ​ក្នុង​ការ​ស៊ី​ស្លា។ នៅ​ពេល​គេ​ផ្សំគ្រឿង​ស៊ី​ស្លា គេ​តែង​ប្រើ​ប្រណាក សម្រាប់​ឆាក​គ្រាប់​ស្លា​មូល​នេះ ជា​ចំណិត​ល្អិតៗ។

4-របៀប​ធ្វើ​ស្លាជ្វា*

(*ខ្មែរ​យើង​មាន​ទម្លាប់​ហៅថា "សាច់ជ្វា" ប្រហែល​មក​ពី​គេ​ហៅ​ខុស ព្រោះ​មាន​ការ​ស្ដាប់​ច្រឡំ) គេ​ផលិត​ស្លាជ្វា ដើម្បី​បម្រើ​សេចក្ដី​ត្រូវការ​របស់​អ្នក​និយម​ស៊ី​ស្លា* (*ស្រីៗ មាន​ចំណូលចិត្ត​ស៊ី​ស្លា​ច្រើន​ជាង​ប្រុសៗ ដែល​ចូលចិត្ត​ជក់​ថ្នាំ​ជាង​ស៊ី​ស្លា) ដែល​ច្រើន​តែ​មាន​វ័យ​ចាប់​ពី 40 ឆ្នាំ​ឡើង​ទៅ។ គ្រឿងផ្សំ​ផ្សេងៗ មាន : កំបោរ, ថ្នាំ, ស្លា, ម្លូ, ស្លាជ្វា តែង​មាន​ដាក់​លក់​យ៉ាង​សម្បូរ​នៅ​គ្រប់​ទីផ្សារ​តាំងពី​ទីក្រុង​ធំៗ រហូត​ដល់​ផ្សារផ្សោ​តូចតាច​នៅ​តាម​ជនបទ។ ផលិតករ​នៅ​តាម​ជនបទ​ខ្លះៗ តែង​ឆ្លៀត​ធ្វើ​អាជីវកម្ម​នៃ​គ្រឿងផ្សំ​ទាំងនេះ ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​បង្គួរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​អ្នក​ភូមិ​ផង​របង​ជាមួយ​គ្នា​ ឬ​យក​ទៅ​បោះ​ឲ្យ​ពាណិជ្ជករ​នៅ​តាម​ទីផ្សារ។ ក្នុង​ចំណោម​គ្រឿងផ្សំ​ទាំងអស់​នេះ ស្លាជ្វា​មិនមែន​កើតឡើង​ឯង​នុះ​ទេ ប៉ុន្តែ​កើតឡើង​តាម​ការ​ផលិត​ដោយ​មាន​គ្រឿងផ្សំ​របស់​វា និង​របៀប​ធ្វើ​ផង។

តើ​គេ​ធ្វើ​ស្លាជ្វា​ដូចម្ដេច?

   ជា​ដំបូង គេ​ត្រូវ​កាប់​មែក​ជ្រៃក្រឹម ឲ្យ​បាន​មួយ​ចំនួន។ ត្រូវ​ប្រឡេះ​តែ​ស្លឹក​របស់​វា​យក​មក​ចាក់​រម្ងាស់​នៅ​ក្នុង​ខ្ទះ​ធំ​មួយ។ រយៈពេល​ប្រមាណ​ពីរ ឬ​បី​ម៉ោង ក្រោយមក ទឹក​រម្ងាស់​ស្លឹក​ជ្រៃ​ក្រឹម​ចាប់ផ្ដើម​ស្រក​យ៉ាង​ច្រើន បន្ទាប់​មក​ក៏​ទៅ​ជា​ខាប់ ស្ទើរ​កក ពណ៌​ចាស់​ជាង​សូកូឡា​បន្តិច។ នៅ​ពេល​នោះ​គេ​យក​កន្ទក់ ដែល​គេ​បាន​រែង ទទាក់​យក​តែ​ផ្នែក​ម៉ដ្ឋខៃ ទៅ​ចាក់​លាយ​ជាមួយ​ជ័រ​ខាប់​នោះ។ គេ​ចេះតែ​កូរ វិត ដោយ​បន្ថយ​ភ្លើង​ចង្ក្រាន ទុក​តែ​រងើក ដើម្បី​បន្ថយ​កម្ដៅ​ឲ្យ​នៅ​តិច​ល្មម។ ទឹក​ដែល​កាន់តែ​ខាប់ កក ស្អិតៗ ត្រូវ​ផលិតករ​យក​ទៅ​ចាក់​វាច​នៅ​លើ​ចង្អេរ។ ឬ​លើ​កន្ទេល សំដិល ហាល​ខ្យល់​ក្នុង​ម្លប់ លុះត្រា​ត្រជាក់​ហើយ​កក​រឹង។ នៅ​មុន​ពេល​ជ័រ​មិន​ទាន់​រឹង គេ​យក​ចុង​កាំបិត​មក​ឆូត ខ្វែង​ជា​ក្រឡាចត្រង្គ ប្រវែង​ប្រហែល 25 មិល្លីម៉ែត្រ ក្នុង​មួយ​ជ្រុងៗ។ លុះ​គេ​បេះ​បំបែក​ចេញ​ពី​ផ្ទាំង​ជ័រ​កក​មក គេ​បាន​ដុំ​រាង​គូប​ពណ៌​ក្រមៅ មាន​រសជាតិ​ចត់ៗ។​នេះ​ហើយ​ជា​ដុំ​ស្លាជ្វា។

   គេ​ច្រក​ដុំ​ស្លាជ្វា​ទុក​ក្នុង​ស្មុក ឬ​ល្អី។ គេ​ងាយ​យក​វា​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​តាម​ទីផ្សារ ឬ​លក់​នៅ​តាម​ផ្ទះ​ឲ្យ​អតិថិជន​ក្នុង​ភូមិ​ជាមួយ​គ្នា ឬ​នៅ​ក្នុង​ភូមិ​ជិតៗ​គ្នា។ ដូច្នេះ ការ​ផលិត​ស្លាជ្វា​ក៏​បាន​ទៅ​ជា​មុខរបរ​មួយ​សម្រាប់​ប្រជាជន។

   អស់​រយៈពេល​ច្រើន​ឆ្នាំ​បន្ទាប់​មក ដោយ​ហេតុ​តែ​ដើម​ជ្រៃក្រឹម នៅ​តាម​ជនបទ កាន់តែ​ក្រ​ទៅៗ ការ​ផលិត​ស្លាជ្វា​ក៏​ត្រូវ​ផ្អាក​សកម្មភាព។ នៅ​ទីផ្សារ ផលិតផល​នេះ​ក៏​លែង​មាន​តទៅទៀត។ ក្នុង​កាលៈទេសៈ​បែបនេះ អ្នក​ស៊ី​ស្លា​ក៏​ត្រូវ​បង្ខំ​ចិត្ត​លែង​ប្រើ​ស្លាជ្វា​ធ្វើជា​គ្រឿងផ្សំ​ ស៊ីស្លា​តទៅទៀត។ ឯ​អ្នក​ស៊ីស្លា​មួយ​ចំនួន​ទៀត ដោយ​គេ​មិន​ចង់​កាត់​បន្ថយ​គ្រឿងផ្សំ​មាន​ជាតិ​ចត់ៗ​នេះ គេ​ក៏​ខំ​ត្រិះរិះ​រក​វត្ថុ​ផ្សេងទៀត​មក​ជំនួស​ស្លាជ្វា។

   តាម​ការ​ស្រាវជ្រាវ និង​ការ​ដក​ពិសោធន៍ អ្នក​ស៊ីស្លា​បាន​ជ្រើសរើស​យក​សម្បក​សំព័រ* (*សំព័រ​ជា​ឈើ​ព្រៃ តែ​ក៏​មាន​ដុះ​នៅ​ស្រុក​ដែរ ផ្លែ​វា​មាន​រសជាតិ​ជូរ អាច​ប្រើ​ជា​ម្ជូរ ឬ​ជ្រក់ ផ្លែ​ទុំ​ពណ៌​ក្រហម មាន​រសជាតិ​ជូរអែម។ ដើម​វា​មាន​សម្បក​ក្រាស់ មាន​រសជាតិ​ចត់) ឬ​សម្បក​ពើត មក​ជំនួស​ស្លាជ្វា។ ក្នុង​ករណី​ខ្លះ​ទៀត​ដែល​គេ​រក​សម្បក​ឈើ​ពីរ​មុខ​នេះ​មិន​បាន គេ​ប្រើ​សម្បក​ពពេល​វិញ។ សម្បក​ឈើ​ទាំង​ប៉ុន្មាន​មុខ​នេះ គេ​ត្រូវ​ហាល​វា​ឲ្យ​ស្ងួត សឹម​យក​មក​ទុក។ ក្រោយ​ពី​វា​ស្ងួត​ទៅ​វា​ទៅ​ជា​រឹង។ គេ​ត្រូវ​ប្រើ​ប្រណាក ឆាក​ត្រង់​ជាយ​វា​បន្តិចៗ ដាក់​ទៅ​លើ​ស្លឹក​ម្លូ ដែល​មាន​បៀក​កំបោរ​រួចជាស្រេច ព្រម​ជាមួយ​នឹង​គ្រឿងផ្សំ​ឯ​ទៀតៗ​ផង។

   ក្នុង​កាលៈទេសៈ​លំបាក​ខ្លះ​ដែល​គេ​រក​ម្លូ​មិន​បាន អ្នក​ញៀន​ស្លា​តែង​យក​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៀត​មក​ជំនួយ មាន​ស្លឹក​ដកពរ (ឬ​ដក់ព) ស្មៅអាចម៍កុក ជាដើម។ ឯ​គ្រឿងផ្សំ​វិញ គេ​យក​សម្បក​ច្រនៀង​ជា​ជំនួយ​ស្លាជ្វា ឬ​សម្បក​ពើត ឬ​សម្បក​សំព័រ។ មាន​មនុស្ស​ខ្លះ​ទៀត​ឆ្លៀត​យក​ស្លឹក​ចាព្លូ* (*ស្លឹក​ចាព្លូ​ដូចគ្នា​នឹង​ស្លឹក​ម្លូ​ណាស់ តែ​មិន​ហាង​ដូច​ស្លឹក​ម្លូ​ទេ គេ​ប្រើ​វា​ធ្វើ​ជា​អន្លក់ ឬ​របោយ) ដែល​ដូច​ស្លឹក​ម្លូ​បេះបិទ​នុះ​មក​ជំនួស​ម្លូ ក្នុង​ការ​ស៊ីស្លា។

   ការ​ស៊ីស្លា​ជា​អារ្យធម៌​មួយ​របស់​ជនជាតិ​ខ្មែរ​យើង។ កាលពី​ជំនាន់ដើម​ខ្មែរយើង​ឲ្យ​តម្លៃ​ទៅ​លើ​អ្នកណា​មាន​ធ្មេញ​ខ្មៅ។ ចំពោះ​ស្ត្រីភេទ​វិញ បើ​មាន​ធ្មេញ​ខ្មៅ គេ​តែង​សន្មត​ថា នេះ​ជា​សម្រស់​ល្អ​វិសេស​ណាស់។ ដូច​មាន​ចែង​នៅ​ក្នុង​រឿង​កាកី ជា​ព្រះរាជ​និពន្ធ​របស់​ព្រះបាទ​អង្គ​ដួង ពី​ធ្មេញ​របស់​នាង​កាកី​នោះ​ថា : “ធ្មេញ​ខ្មៅ​រលីក រលង់​ប៉ផ្លេក ដូច​នីល​រតនា កាណ៌​កប​ល្អ​លន់ គួរ​គន់​ដូច​នា ត្របក​ទុមា រាយ​រីក​ស្រស់​ថ្មី"

   គេ​អាច​ធ្វើ​ធ្មេញ​ឲ្យ​ខ្មៅ* (*រហូត​មក​ដល់​ដើម​សតវត្ស​ទី 20 យួន​វ៉េ​នៅ​និយម​លាប​ធ្មេញ​ឲ្យ​ខ្មៅ​ជា​ការ​លម្អ​របស់​គេ) បាន​ដែរ ដោយ​លាប​នឹង​ជ័រ​រុក្ខជាតិ​ម៉្យាង​ឬ​ក៏​តាម​ការ​ស៊ីស្លា​អស់កាលដ៏យូរ​មក។ នៅ​សម័យ​លង្វែក ដែល​ស្ត្រី​ក្មេងៗ​និយម​ចង់​បាន​ធ្មេញ​ខ្មៅ​ទុកជា​លម្អ​នុះ ប្រហែល​ជា​នាង​មិនមែន​ធ្វើ​ឡើង​តាម​ការ​ស៊ីស្លា​ទេ ពីព្រោះ នៅ​ក្នុង​សង្គម​ខ្មែរ ក្មេង​ស្រីៗ មិន​ស៊ីស្លា​ឡើយ។ យោង​តាម​ការ​ស្រាវជ្រាវ​នេះ យើង​អាច​សន្មត​បាន​ថា ស្រីក្រមុំ​ដែល​មាន​ធ្មេញ​ខ្មៅ​នៅ​សម័យ​នោះ គឺ​ពិតជា​គេ​លាប​ជ័រ​រុក្ខជាតិ* (*សូម​អភ័យទោស​ពី​សម្នាក់​អ្នក​អាន ដោយ​អ្នក​ចងក្រង​អត្ថបទ​នេះ​ពុំ​ទាន់​ស្រាវជ្រាវ​រក​ឃើញ​រុក្ខជាតិ​ដែល​ ផ្ដល់​ជ័រ សម្រាប់​លាប​ធ្មេញ​ឲ្យ​ខ្មៅ យើង​នឹង​ខិតខំ​ស្រាវជ្រាវ​តទៅទៀត) អ្វី​ម៉្យាង​ហើយ។ កាលពី​ជំនាន់​នោះ គេ​ចាត់​ទុក​ធ្មេញ​ខ្មៅ​ថា ជា​សិរីសួស្ដី​ម៉្យាង។ ហេតុនេះ​ហើយ​បានជា ដល់​សម័យ​ក្រោយៗ​មក​ទៀត នៅ​ក្នុង​ពិធី​កោរជុក ចូលម្លប់ អាពាហ៍ពិពាហ៍ គេ​មាន​ធ្វើ​ពិធី​មួយ ហៅថា "ធ្វើ​ធ្មេញ​បំពេញ​លក្ខណ៍" ដោយ​យក​ស្រម៉​ល័ខ​នៅ​ស្ងោរ​ឲ្យ​រលាយ​ចេញ​ជា​ទឹក ពណ៌​ក្រហម​ក្រមៅ រួច​គេ​យក​សំឡី​ទៅ​ផ្ដិត​យក​ទឹក​នោះ​មក​ជូត​ធ្មេញ​ឲ្យ​ខ្មៅ។ តាមពិត ជាតិ​ជ័រ​ល័ខ​ស្រម៉​មិន​មាន​ពណ៌​ខ្មៅ​ទេ ដូច្នេះ​ពិធី​នេះ ប្រហែល​ជា​គេ​ធ្វើ​គ្រាន់តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ។ តាម​ការ​យល់​តៗគ្នា​មក គេ​សន្មត​ទុក "ល័ខ" ជា​វត្ថុធាតុ​ដែល​ផ្ដល់​ពណ៌​ខ្មៅ សម​ដូច​ពាក្យ​ប្រៀបធៀប​ខ្មែរ​ថា "ខ្មៅ​ដូច​ល័ខ"។ ឯ​ពាក្យ​ថា "ល័ខ" និង "លក្ខណ៍" នេះ​ទៀត​សោត​ក៏​សុទ្ធតែ​ជា​ពាក្យ "ទ្វយវាទ" (équivoque)។ "​យក​ល័ខ​មក​ច្នៃ​ធ្វើ​ឲ្យ​កប​លក្ខណ៍"។

   ម៉្យាងទៀត ការ​ស៊ីស្លា ឬ​ពិធី​ស៊ីស្លា​នេះ ជា​មង្គល​មួយ​យ៉ាង​ឧត្ដុង្គឧត្ដម​ណាស់​របស់​ខ្មែរ​យើង។ ស្លា​ដែល​ផ្សំ​ដោយ​វត្ថុធាតុ បួន-ប្រាំ​មុខ​នេះ គឺជា​ការ​បញ្ជាក់​បង្ហាញ​នូវ​សមាសធាតុ ដែល​ចំណុះ​គ្នា ដែល​គួបផ្សំ​ជាមួយ​គ្នា ហើយ​កើត​បាន​ជា​សារជាតិ​រួម​មួយ ជា​វត្ថុ​រាវ​ពណ៌​ក្រហម​ដូច​ឈាម។ នោះ​ឯង​គឺ​ជា​និមិត្តរូប​នៃ​ចំណង​មេត្រីភាព សេចក្ដី​ស្រឡាញ់​ស្នេហ៍ស្និទ្ធ ចិត្ត​មួយ​ថ្លើម​មួយ​ជីវិត​មួយ។ យ៉ាងណាមិញ ចំណង​មេត្រីភាព​ជិតស្និទ្ធ​នេះ គឺ​ជា​ការ​ផ្សារភ្ជាប់​សាច់ឈាម​រវាង​គ្នា​នឹង​គ្នា ឲ្យ​ទៅ​ជា​ប្ដី​ប្រពន្ធ ទៅ​ជា​បងប្អូន​គ្នា សុទ្ធតែ​ត្រូវ​បាន​បញ្ជាក់​តាម​អត្ថន័យ​នៃ​ការ​ស៊ីស្លា​នេះ​ឯង។ ព្រោះ​ហេតុ​នេះ​ហើយ ទើប​បាន​ជា​នៅ​ស្ទើរ​គ្រប់​ពិធី​របស់​ជនជាតិ​ខ្មែរ​យើង ស្លា, ម្លូ, កំបោរ, ថ្នាំ មាន​តួនាទី​ដ៏​សំខាន់ និង​ជា​ចម្បង​បំផុត​ក្នុង​ការ​ធ្វើជា​និមិត្តរូប ដើម្បី​កំណត់​នូវ​ជោគវាសនា​ល្អ​នូវ​សិរីសួស្ដី ជ័យ​មង្គល វិបុលសុខ គ្រប់ប្រការ និង​យូរអង្វែង​កាល។

5-ការ​កត់សម្គាល់ ពី​តួនាទី​សំខាន់​ខ្លះ​ទៀត​នៃ​ស្លា ម្លូ

ក- នៅ​ក្នុង​ការ​ស្ដីដណ្ដឹង​កូនស្រី​គេ ដំបូង​ត្រូវ​មាន​ការ​ចែចូវ តាម​រយៈ "មេអណ្ដើក" ដែល​អាច​ត្រូវ​ជា​បងប្អូន ឬ​មិត្តភ័ក្ដិ​ណា​ម្នាក់ ដោយ​គ្រាន់តែ​ស៊ើប​សាកមើល តើ​គេ​មាន​អារម្មណ៍​យ៉ាងណា​ដែរ។ បើ​ស៊ើប​ទៅ​ឃើញ​ថា គេ​មិន​យល់​ទាល់​ទេ​នុះ ឪពុកម្ដាយ និង​បងប្អូន​ខាង​ប្រុស​ត្រូវ​ចូល​ទៅ​ស្ដីដណ្ដឹង​គេ​ជា​ផ្លូវការ ដោយ​ផ្ទាល់ខ្លួន​ឲ្យ​បាន​ដឹង​ពី​ចិត្ត​គ្នា និង​គោលបំណង​គ្នា ទៅវិញទៅមក។ ក្រោយពី​នោះ​មក គេ​ត្រូវ​រៀបចំ​ពិធី​មួយទៀត ហៅថា "ពិធី​ភ្ជាប់​ពាក្យ"។ ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នេះ អ្នក​មេបា​ចាស់ទុំ​ទាំងសងខាង​តែង​សន្មត​កិច្ចព្រមព្រៀង​នេះ​តាម​ការ​ស៊ីស្លា ​ជាមួយ​គ្នា ដែល​គេ​ហៅថា "ស៊ីស្លា​ភ្ជាប់​ពាក្យ"។

ខ- ស្លា​ដែល​ផ្សំគ្រឿង​រួច ហើយ​កំពុង​ទំពាស៊ី ជា​ថ្នាំ​ព្យាបាល​ជំងឺ​ដ៏​ពូកែ​តែ​សម្រាប់​តែ​គ្រូហ្ម​ណា ដែល​ចេះ​វិជ្ជា​មន្តអាគម​ប៉ុណ្ណោះ។ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​គ្រូ​ខ្មែរ​ជា​ច្រើន ទំពា​ស្លា​ផង សូត្រ​សែក​មន្ត​វិជ្ជា​ផង ហើយ​ស្ដោះ ឬ​ព្រួស​ទៅលើ​ខ្លួន​អ្នក​ជំងឺ នូវ​ទឹកមាត់ និង​កម្ទេច​ស្លា​ម្លូ។ បានតែ​ពីរ បី​ដង អ្នក​ជំងឺ​គ្រុនក្ដៅ​ក៏​បាន​ជា​សះស្បើយ។ មាន​គ្រូ​ស៊ីស្លា បន្សាប​ពិស​ពស់​ទៀត​ផង។

គ- ខ្ញុំ​បាន​ឃើញ​លោកតា ម៉ិញ នៅ​ខាងត្បូង​វិមានឯករាជ្យ ស្ដោះ​រោគ​រើមខ្សាច់ រើមដំរី ពិស​ភ្លើង តែ​នឹង​ទឹកមាត់​ស្លា​ប៉ុណ្ណោះ។ ជំងឺ​រើម គាត់​ស្ដោះ​តែ​ម្ដង ឬ​តែ​ពីរ​ដង នឹង​ជា​ដាច់ លែង​កើត​ទៀត ព្រោះ​មេ​វា​ងាប់​អស់។ បើ​ជា​ពិស​ភ្លើង គាត់​ស្ដោះ​ពី​ពីរ​ទៅ​បី​ដង រោគ​នេះ​នឹង​ជា​ដាច់​ដែរ។

ឃ- អ្នក​ស៊ីស្លា បើ​នឹង​ត្រូវ​ធ្វើ​ត្រប៉ែ មុន​នឹង​រោយ​មេ​ដំបែ​ទៅ​លើ​បាយដំណើប ត្រូវ​ខ្ជាប់​ស្លា​ចោល ហើយ​ខ្ពុរ​មាត់​ឲ្យ​ស្អាត​សិន បើ​មិន​ដូច្នោះ​ទេ ពេល​ដែល​ត្រប៉ែ​ដល់​ខួប​ហើយ (ចំពោះ​តែ​ដំណើប​ស) គេ​នឹង​ឃើញ​មាន​ឡើង​ពណ៌​ជាំ​លឿងៗ ប្រហាក់ប្រហែល​គ្នា​នឹង​ទឹកមាត់​ស្លា នៅ​លើ​ត្រប៉ែ តែ​មិនមែន​បណ្ដាល​ឲ្យ​ពុល​ទេ។ ជាមួយ​ដំណើប​ខ្មៅ គេ​មិន​អាច​មើល​ពណ៌​នេះ​ឃើញ​ទេ។

ង- ម្លូ​ជា​ថ្នាំ​សម្រាប់​ឃាត់ឈាម។ បើ​មាន​មុខរបួស ដែល​ឈាម​កំពុង​ហូរ គេ​អាច​ឃាត់​ឈាម​ឲ្យ​ឈប់​ហូរ ដោយ​ទំពា​ម្លូ​ព្រួស​ដាក់​ឲ្យ​ចំ​មុខរបួស។

ច- ការ​ស៊ីស្លា​អាច​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​សង្កូវ​ស៊ី​ធ្មេញ ហើយ​មិន​ឲ្យ​ធុំ​ស្អុយ​មាត់​ផង។ ពី​សម័យ​ដើម គេ​មិន​ដែល​មាន​ច្រាស និង​ថ្នាំ​ដុសធ្មេញ​ទេ។ អ្នក​នៅ​ជនបទ​សព្វថ្ងៃ​ក៏​មិន​មាន​ដែរ ប៉ុន្តែ គេ​កម្រ​ឮ​ថា​មាន​ដង្កូវ​ស៊ី​ធ្មេញ​ណាស់។

ជ- ទឹកមាត់​ស្លា និង​កម្ទេច​ស្លា ដែល​គ្រូ​ព្រួស​ដាក់​មក មាន​ក្លិនប្រហើរ​គឺ​ក្លិន​ស្លឹក​ម្លូ ហើយ​ត្រជាក់។ នេះ​ជា​ថ្នាំ​សម្លាប់​មេរោគ​រើម ឬ​ជា​ថ្នាំ​ត្រជាក់។

ឈ- ថ្នាំ​សម្រាប់​ជក់ និង​សម្រាប់​ចុក គេ​អាច​ប្រើ​សម្រាប់​សម្លាប់​មេរោគ ឬ​សត្វល្អិត​ចង្រៃ​បាន​ខ្លះ។ បើ​គេ​ផ្សើម​នឹង​ទឹក ហើយ​ដាក់​ឲ្យ​ចំ​មាត់​ឈ្លើង សត្វ​ឈ្លើង​នោះ​នឹង​ស្លាប់​ភ្លាម ទាំង​ខ្លួន​ឡើង​រួញ​ក្រញង់។

ញ- វត្ថុ​ចាំបាច់​បំផុត សម្រាប់​ធ្វើ​ឲ្យ​ទឹកមាត់​ឡើង​ពណ៌​ក្រហម​ដូច​ឈាម នុះ មាន​តែ​បី​មុខ​ទេ​គឺ : ម្លូ ស្លា និង​កំបោរ។

   មាន​រឿងព្រេង​និទាន​ពី​ម្លូ, ស្លា និង​កំបោរ ដែល​យើងខ្ញុំ​បាន​ជម្រាប​ពី​ខាងដើម​រួច​ហើយ៕